ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញដឹកនាំកិច្ចប្រជុំ “បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី

រតនគិរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំ “បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី” ដែលមានសមាសភាពចូលរួមពី លោក-លោកស្រីស្នងការរង នាយ-នាយរងការិយាល័យ អធិការ-អធិការក្រុងស្រុកទាំង៩ មេបញ្ជាការ-មេបញ្ជារការរងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣និង២០៣ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥០ឃុំ/សង្កាត់។

ឆ្លងតាមរយៈការអានរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៥ ដោយលោកឧត្តមសេនីយ៍ត្រី ចៅ នាង ស្នងការការរងផែនសេនាធិការ ទទួលបានការវាយតម្លៃខ្ពស់ និងមានការឯកភាពជារួមលេីលទ្ធផលនៃកិច្ចប្រតិបត្តិការផ្តោតលើសភាពការណ៍សន្តិសុខនយោបាយ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការងាររបស់ជំនាញនីមួយៗ ដោយទទួលបាននូវលទ្ធផលល្អគួរឱ្យកត់សម្គាល់។ 

ថ្លែងទៅកាន់អង្គប្រជុំនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានកោតសរសើរដល់កម្លាំងនគរបាលទាំងអស់ក្នុងកិច្ចប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ប្រកបដោយសន្តិសុខសុវត្ថិភាព។ 

លោកស្នងការបានមានប្រសាសន៍ដឹកនាំលើកិច្ចការងារដែលត្រូវពង្រឹងបន្ត ដែលមានការងារជំនាញមួយចំនួនដូចជា៖ 

១.ការងារផ្សព្វផ្សាយ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវតែបន្តផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋអោយបានទូលំទូលាយ ក្នុងនោះលោកស្នងការបានចែករំលែកចំណេះដឹងបទពិសោធន៍ស្តីពីកិច្ចការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យានេះ ដែលវាជាកិច្ចការកំពុងប្រឈមនាសម័យកាលទំនើបបច្ចុប្បន្នដែលក្រុមទុច្ចរិតកំពុងបន្តប្រព្រឹត្តបទល្មើសផ្សេងៗក្រោមរូបភាពប្រើប្រាស់ពត៌មានវិទ្យា និងតាមបណ្តាញសង្គមនានា។ 

២.ការងារអត្តសញ្ញាណកម្ម ត្រូវបន្តចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ និងត្រូវប្រើឡានចល័តឱ្យបានអស់លទ្ធភាពដើម្បីឱ្យពលរដ្ឋបានមកធ្វើអត្តសញ្ញាណប័ណ្ណគ្រប់ៗគ្នា។ 

៣.ការងារគ្រប់គ្រងជនបរទេស ត្រូវបន្តក្តាប់ទិន្នន័យការចេញចូលខុសច្បាប់។ 

៤.បន្តការងារផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព តាមរយៈអធិការដ្ឋានក្រុងស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបន្តយុទ្ធនាការផ្សព្វផ្សាយក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធិភាពដល់ប្រជាពលរដ្ឋ។ 

៥.បន្តក្តាប់សភាពការណ៍សន្តិសុខនយោបាយនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ។ 

បន្ថែមលើនេះលោកឧត្តមសេនីយ៍ទោស្នងការជំរុញឱ្យកងកម្លាំងថ្នាក់ដឹកនាំនគរបាលត្រូវធ្វើការផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនអនុវត្តនៅក្រមសីលធម៌វិជ្ជាជីវៈរបស់នគរបាលជាតិឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់។

ជាចុងក្រោយលោកឧត្តមសេនីយ៍ទោស្នងការបានជូនពរដល់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ប្រកបដោយសុខភាពល្អមាំមួន ដើម្បីបន្តកិច្ចប្រតិបត្តិការ ក្នុងការធានាឱ្យបានការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងភូមិសាស្ត្រខេត្តរតនគិរី ក៏ដូចជាសង្គមជាតិទាំងមូលទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី

bvt

Leave a Reply

Your email address will not be published.