ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​បាត់ដំបង​ ប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋគម្រប់ខួប ១៣ឆ្នាំ

ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង​ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៣ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៥) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការសាលាខេត្ត មន្រ្ដីរាជការមកពីមន្ទីរអង្គភាពជុំវិញខេត្ត នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង។

ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានថ្វាយកម្រងផ្កានៅចំពោះព្រះភ័ក្ត្រព្រះបរមឆាយាលក្ខណ៍ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដើម្បីស្មឹងស្មាធគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ” ព្រមទាំងបាននិមន្តព្រះសង្ឃ សមាទានសីល ចំរើនព្រះបរិត្ត និងវេរភត្តហារ ប្រគេនដល់ព្រះសង្ឃ បង្សុកូលដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ។ 

សូមជម្រាបថា​ ថ្ងៃនេះគឺជាខួប១៣ឆ្នាំ(១៥ តុលា ២០១២ – ១៥ តុលា ២០២៥) នៃការយាងសោយព្រះទីវង្គតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង​ បាន​បង្ហាញ​ការ​គោរពដឹងគុណ និងចងចាំមិនភ្លេចនូវ ព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ព្រះអង្គ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា ដែលស្ថិតស្ថេរជារៀងរហូតនៅក្នុងដួងចិត្តរបស់ប្រជានុរាស្ត្រខ្មែរជាកូន ជាចៅ ជាចៅទួត របស់ព្រះអង្គ។

ថ្នាក់​ដឹកនាំ​ខេត្ត​បាត់ដំបង​ បាន​ លំឱនកាយវាចាចិត្ត ថ្វាយមហាព្រះរាជកុសលដ៏ឧត្តុង្គឧត្តម ឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គនិងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាងទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

bvt

Leave a Reply

Your email address will not be published.