ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត នៅទីស្ដីការក្រសួងមហាផ្ទៃ។
នាឱកាសនេះ ឯកឧត្តម រដ្ឋលេខាធិការ បានផ្ដាំផ្ញើ និងផ្តល់អនុសាសន៍ដ៏សំខាន់ទៅកាន់សិក្ខាកាមទាំងអស់ឱ្យយកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលមកអនុវត្តក្នុងភារកិច្ចប្រចាំថ្ងៃ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចក្ខុវិស័យ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យពង្រឹងកិច្ចសហការ និងការគោរពច្បាប់ ក្នុងការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត អនុវត្តតួនាទី និងភារកិច្ចដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបន្តការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនឱ្យកាន់តែប្រសើរ។ ចុងក្រោយឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់កិត្តិយសផ្តល់វិញ្ញាបនបត្រ និងថតរូបអនុស្សាវរីយ៍ផងដែរ។
សូមជម្រាបថា សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បាននឹងកំពុងរៀបចំវគ្គបណ្តុះបណ្តាលខាងលើ ចំនួន៣វគ្គ សម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ដ ក្នុងនោះ វគ្គបណ្តុះបណ្តាលទី២នេះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ២០២៥ សម្រាប់ក្រុមប្រឹក្សាខេត្ត ចំនួន៧ រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តកំពង់ចាម ដែលមានសិក្ខាកាមសរុបចំនួន ៨១រូប (ស្រី ១១រូប)៕