(កំពង់ចាម): ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ គ.ស ២០២៦ ដេីម្បីចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្សសាទេវី» ក៏ដូចជាការចូលរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ ។
ឯកឧត្ដម អភិបាលខេត្ត បានគូសបញ្ជាក់ថា ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងឈានចូលមកដល់ នាពេលខាងមុខឆាប់នេះ រដ្ឋបាលខេត្តគ្រោងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ដើម្បីបង្កភាពសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ មកលេងកំសាន្ត ដោយមានការរៀបចំនូវលេងល្បែងប្រជាប្រិយ ការប្រគុំតន្ត្រីសម័យនាពេលរាត្រី និងលេងកម្សាន្តសប្បាយក្រោមម្លប់សុខសន្តិភាព។
បេីតាមលោក ស្រី សុភ័ក្ដ្រ អភិបាល រងខេត្តកំពង់ចាម បានឱ្យដឹងថា ដើម្បីចូលរួមអបអរសាទរស្វាគមន៍ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។ រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅសួនច្បារមុខ សាលាខេត្តកំពង់ចាម ចាប់ពីម៉ោង១៤.០០នាទីតទៅ ព្រមទាំងរៀបចំនៅតាមបណ្តាស្រុក និងនៅតាមទីតាំងរមណីយដ្ឋាន ទីវត្តអារាមនានាក្នុងខេត្តកំពង់ចាម។
ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះនឹងផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវជាតិ អន្តរជាតិ មកចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្សសាទេវី» ហើយក៏ជាឱកាសដ៏ល្អសម្រាប់ ការជួបជុំ ក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ ផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម











