ខេត្តកែប៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកែប បានប្រារព្ធទិវាទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ សាមគ្គី ដើម្បីទីក្រុងស្អាត ” កម្មវិធីនេះប្រព្រឹត្តិទៅនៅបរិវេនសួនច្បារមុខសាលាខេត្តកែប ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមអបអរសាទរពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្ថាប័នសាលាដំបូងខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្ត លោកនាយក នាយិកាគ្រប់កម្រិតសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស គ្រប់កម្រិតសិក្សាក្នុងខេត្ត យុវជន យុវនារីប្រមាណជិត ២ពាន់នាក់។
បន្ទាប់ពីអានសារលិខិតដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ក៏បានគូសបញ្ជាក់បន្ថែមថា ខេត្តកែបក្រោមការយកចិត្តទុកដាក់ចូលរួមសហការអនុវត្តតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ប្រភេទ គ្រប់លំដាប់ថ្នាក់ ព្រមទាំងមានការចូលរួមសហការពីសំណាក់សមាសភាពពាក់ព័ន្ធ ដូចជាអាជីវករ សេវាករ និងប្រជាពលរដ្ឋ បានធ្វើឱ្យមានកែបកាន់តែមានភាពរីកចម្រើន ប្រកបដោយសោភណ្ឌភាព និងសុខសុវត្ថិភាពខ្ពស់ និងធ្វើឱ្យខេត្តកែបនាពេលកន្លងមក និងបច្ចុប្បន្នទទួលបានពាន់រង្វាន់ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ជាបន្តបន្ទាប់ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនា សម្រាក លម្ហែឥតឈប់ឈរ ដែលជាកត្តាជួយលេីកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងតំបន់។ ជាមួយនេះ ឯកឧត្តមក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា យើងទាំងអស់គ្នាត្រូវបន្តចូលរួមថែរក្សាអនាម័យបរិស្ថាន មិនថានៅតាមបណ្តាគេហដ្ឋាន អង្គភាពបំពេញការងារប្រចាំថ្ងៃ និងតាមដងផ្លូវសាធារណៈ ដោយយើងត្រូវគិតថា អនាម័យបរិស្ថានស្អាតផ្តើមចេញពីបុគ្គលម្នាក់ៗ ហើយយើងត្រូវចងចាំថា សំរាមមិនគួរឱ្យស្អប់ខ្ពើមនោះទេ បុគ្គលដែលចោលសំរាមពាសវាលពាសកាលទៅវិញទេទើបគួរឱ្យស្អប់។
ប្រភព៖ រដ្ឋបាលខេត្តកែប














