កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានជួបសំណេះសំណាលនិងស្វែងយល់ពីសក្តានុពលខេត្តជាមួយអ្នកវិនិយោគិននៃទីក្រុងប៉េកាំង ប្រទេសចិន នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តមអភិបាលខេត្ត បានប្រាប់ដល់អ្នកវិនិយោ គិនទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នក្នុងការចាញ់បោកឈ្មួញកណ្តាល គ្រាដែលករណីនេះកើតមានច្រើនលើកមកហើយនៅក្នុងខេត្តកំពង់ស្ពឺ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគិននានា ពិសេសអ្នកវិនិយោគិននៃសាធារណរដ្ឋប្រជាមានិតចិន ដែលគិតមកទល់ពេលនេះខេត្តមានអ្នកវិនិយោគិនចិនប្រមាណជាង៩៥%។
តែទន្ទឹមនិងការចាប់អារម្មណ៍នេះ អ្នកវិនិយោគជាច្រើនត្រូវបានចាញ់បោកឈ្មួញកណ្តាលក្នុងការដាក់លុយឱ្យទិញដី រត់ការឯកសារគតិយុត្តផ្សេងៗ ហើយក្រោយទទួលបានលុយកាក់ ឈ្មួញកណ្តាលទាំងនោះក៏បានគេចខ្លួនបាត់ ដែលទីបំផុតបន្ទុកទាំងអស់ត្រូវបានធ្លាក់មកលើអាជ្ញាធរនិងថ្នាក់ដឹកនាំខេត្តជាអ្នកដោះស្រាយ។
ឯកឧត្តមបញ្ជាក់ទៀតថា ដើម្បីបញ្ជៀសនូវហានិភ័យនេះ គប្បីអ្នកវិនិយោគិនទាំងអស់ ទំនាក់ទំនង់ដោយផ្ទាល់មករដ្ឋបាលខេត្តឬមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មានជាក់លាក់ជុំវិញការដាក់ទុន ទីតាំងវិនិយោគ។
មួយវិញទៀត ការទំនាក់ទំនងផ្ទាល់មកអាជ្ញាធរ ឬអង្គភាពពាក់ព័ន្ធគឺមានសុវត្ថិភាពគ្រប់គ្រាន់ ពិសេសបានការណែនាំ និងចង្អុលបង្ហាញចំគោលដៅដែលអ្នកវិនិយោគចង់បាន។ក្នុងនោះក៏បានឱកាសក្នុងការជួយសម្របសម្រួល ជ្រោមជ្រែងនិងលើកទឹកចិត្តពីគណបញ្ជាការឯកភាពខេត្តដោយផ្ទាល់ផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ










