ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកឈើរបស់មេឈ្មួញឈើ ឈ្មោះ សៅ ប្រចាំខេត្តសៀមរាប ព្រះវិហារ០១គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ធ្វើការបង្រ្កាប!

(ព្រះវិហារ)៖ មូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន សហការជាមួយស្នាក់ការសន្តិសុខ២១០ ប្រចាំព្រំប្រទល់ខេត្តព្រះវិហារ-សៀមរាប បានធ្វើការស្ទាក់ចាប់រថយន្តដឹកផលអនុផលព្រៃឈើប្រភេទលេខ២ (ត្បែង) គ្មានលិខិតអនុញ្ញាត ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញៈ 2A-8349 ចេញពីព្រះវិហារបម្រុងទៅចេកចាយនៅតាមដេប៉ូក្នុងខេត្តសៀមរាប។

ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៧នឹង៤០នាទីព្រឹក នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិអូរចាក់ស្រា ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

លោកអនុសេនីយ៍ឯក ចាន់ សុី មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន បានឲ្យដឹងថា ការបង្រ្កាបរថយន្តសាំយ៉ុង ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតខាងលើ គឺធ្វើឡើងក្រោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយីត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។

ប្រតិបត្តិការនេះ ក្រុមឈ្មួញបានបើករថយន្តរ៉េ០១គ្រឿង ពេញផ្លូវជាតិលេខ៦៤ ដោយធ្វើការរារាំងមិនឲ្យកម្លាំងកងរាជអាវុធហត្ថឃាត់ឡើយ ទើបមកដល់ផ្លូវក្រាលក្រួសក្រហមមួយខ្សែ បែជាក្រុមឈ្មួញបើកចូលផ្លូវទាល់ទៅមិនរួច ហើយរថយន្តបែកកង់ទៀតផង ទើបសមត្ថកិច្ចឃាត់បាន ចំណែកតៃកុងចុះពីលើរថយន្តរត់ចូលព្រៃ។

បច្ចុប្បន្ន វត្ថុតាងមានរថយន្ត ឈើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថប្រគល់ជូនជំនាញសង្កាត់រដ្ឋបាលព្រៃឈើគូលែន ដើម្បីចាត់ការតាមនីតិវិធី។

បញ្ជាក់៖ លោកឧត្តមសេនីយីត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ តែងតែប្រជុំដាក់បទបញ្ជាដល់មូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុងទាំង៨ និងស្នាក់ការសន្តិសុខទាំង៣ ត្រូវតែបង្រ្កាបនូវរាល់ការដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតក្នុងភូមិសាស្រ្តរបស់ខ្លួនឲ្យដូចភ្លៀងរលឹម៕

bvt

Leave a Reply

Your email address will not be published.