ប៉ៃលិន៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភណភាព នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ សម្រាប់ជាតិ និងប្រជាជន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ក្រោមគោលនយោបាយឈ្នះឈ្នះ និងក្រោម មាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុកមានការអភិវឌ្ឍ និងរីកចម្រើន លើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់ តែធូរធាឡើងពីមួយ ថ្ងៃទៅមួយថ្ងៃគួរជាទីមោទនៈ។
លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្ននេះអាជ្ញាធរខេត្តប៉ៃលិន បានកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់និងកែរលម្អសោភណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធការកែលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនាពេលរាត្រីការសម្អាតអនាម័យបរិស្ថាននៅតាមទីសាធារណៈនិងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានាដើម្បីឱ្យខេត្តប៉ៃលិនប្រែក្លាយជាខេត្តមួយ មានការរីកចម្រើន និងមានទេស ភាពស្រស់បំព្រងបរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍សម្រាប់ថ្ងៃអនាគតផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថាន និងជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសមេត្តាយោគយល់និងអធ្យា ស្រ័យចំពោះផលប៉ះពាល់ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសនិងអាជ្ញាធរមូលដ្ឋាន ធ្វើការកែលម្អហេដ្ឋារចនាសម័ន្ធនិងសោភណភាពខេត្តរបស់យើង ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត។
ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន











