ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត Betty Bimgombe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ូហ្កង់ដា ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ក្នុងកិច្ចជំនួបពិភាក្សានេះដែរ ក៏មានការអញ្ជេីញចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រធាន នាយកដ្ឋាន អនុប្រធាន នាយកដ្ឋាន និង លោក លោកស្រីជាមន្រ្តីពាក់ព័ន្ធផងដែរ ។
គោលបំណងនៃពិធីជំនួប បានផ្តោតសំខាន់លើកាលានុវត្តភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងប្រទេសទាំងពីរ និងការស្វែងរកដំណោះស្រាយរួមចំពោះមួយចំនួនរបស់ពលរដ្ឋអ៊ូហ្កង់ដា ដែលស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ។
ជាបឋម ឯកឧត្តមសន្តិបណ្ឌិត និងលោកជំទាវឯកអគ្គរដ្ឋទូត បានផ្តើមមតិស្វាគមន៍គ្នាទៅវិញទៅមក និងឧទ្ទេសនាមនូវសមាសភាពដែលចូលរួមក្នុងពិធីជំនួប មុននឹងឈានដល់ការពិភាក្សាការងារលើចំណុចពាក់ព័ន្ធមួយចំនួន។
បន្ទាប់មក ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត និងសហការីឱ្យបានជ្រាបអំពីស្ថានភាពទូទៅ ក៏ដូចជាតួលេខពាក់ព័ន្ធនឹងពលរដ្ឋអ៊ូហ្កង់ដានៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល២ឆ្នាំចុងក្រោយ ដែលក្រសួងមហាផ្ទៃ សង្កេតឃើញមានវត្តមានពលរដ្ឋអ៊ូហ្កង់ដាកើនឡើងគួរឱ្យកត់សម្គាល់។
បន្ថែមពីនេះ ឯកឧត្តមសន្តិបណ្ឌិត ក៏បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយតាមរយៈប្រតិបត្តិការបង្ក្រាបជាច្រើនកន្លងទៅ បានរកឃើញមានជនល្មើសពាក់ព័ន្ធនឹងបទល្មើសនេះមួយចំនួនជាពលរដ្ឋអ៊ូហ្កង់ដាផងដែរ។
ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបង្ហាញឆន្ទៈមោះមុតដើម្បីដោះស្រាយបញ្ហាបទល្មើសទាំងនេះ ប៉ុន្តែទន្ទឹមនោះក៏បានសម្តែងនូវកង្វល់មួយចំនួនចំពោះការជាប់គាំងនៃពលរដ្ឋរបស់ខ្លួនដែលត្រូវបានឃាត់ខ្លួនដោយមានការពាក់ព័ន្ធនឹងបទល្មើសនានានៅកម្ពុជា និងបានស្នើសុំឱ្យ ក្រសួងមហាផ្ទៃ ដែលមានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាសេនាធិការ ជួយសម្របសម្រួលបែបបទនៃការបណ្តេញចេញឱ្យបានឆាប់រហ័ស ដោយភាគីស្ថានទូតនឹងខិតខំប្រឹងប្រែងជួយដោះស្រាយ និងរកមធ្យោបាយដើម្បីបញ្ជូនពលរដ្ឋរបស់ខ្លួនត្រឡប់ទៅប្រទេសដើមវិញ ដោយសហការជាមួយអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) និងអង្គការអន្តរជាតិនានា។ ក្រៅពីនោះ ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាលើបញ្ហាផ្សេងៗមួយចំនួនទៀត និងលើកឡើងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងភាគីទាំងពីរផងដែរ។
ជាចុងក្រោយ ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ និងលោកជំទាវឯកអគ្គរដ្ឋទូត បានធ្វើការថ្លែងអំណរគុណ ថតរូបរួមគ្នា និងប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមកជាការបិទបញ្ចប់ពិធីជំនួបនេះ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ













