ភ្នំពេញ៖ រសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ “ពិនិត្យវឌ្ឍនភាពការងារសមាគមកីឡាវាយ កូនឃ្លីលើតុក្រសួងមហាផ្ទៃ និងជួបសំណេះសំណាល” ជាមួយកីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ ២រូប ដែលត្រៀមចេញទៅហ្វឹកហាត់ នៅសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំ និងពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅនៅអគារមជ្ឈមណ្ឌលកីឡា ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ប្រតិភូ-ប្រតិភូរង គ្រូបង្វឹក-គ្រូជំនួយ និងកីឡាករ-កីឡាការិនី ព្រមទាំងមាតាបិតាអាណាព្យាបាលកីឡាករ កីឡាការិនីជាច្រើនរូបផងដែរ។
នាឱកាសដ៏វិសេសសាលនោះ ឯកឧត្តម យិត ភីរៈ វាយតម្លៃខ្ពស់ ចំពោះរបាយការណ៍ និងវឌ្ឍនភាពការងារនៃសមាគមកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ ដែលសម្រេចបាននាពេលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ បានក្រើនរម្លឹកដល់ប្រតិភូ-ប្រតិភូរង នៃសមាគមកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ ត្រូវបន្តយកចិត្តទុកដាក់តាមដានសកម្មភាព កីឡាករ-កីឡាការិនី ឱ្យបានជាប់ជាប្រចាំ ទាំងការហ្វឹកហាត់ ទាំងវិន័យក្នុងនាមជាកងកម្លាំង និងដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលជាតម្រូវការរបស់កីឡាករ-កីឡាការនី។
ដោយឡែកសម្រាប់កីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ២រូប ដែលត្រៀមចេញទៅហ្វឹកហាត់ នៅទីក្រុងយ៉ាងចូវ សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ណែនាំដល់គ្រូបង្វឹកទទួលបន្ទុក បង្កើនឱ្យយកចិត្តទុកដាក់ តាមដានលើការហូបចុក ស្នាក់នៅ ការធ្វើដំណើរ និងការហ្វឹកហាត់ ត្រូវប្រកាន់ភ្ជាប់នូវការគោរពវិន័យ និងសីលធម៌ល្អ ក្នុងនាមជាអត្តពលិកតំណាងជាតិ៕
ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា














