ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ាង រ៉ាស៊ី អនុប្រធានក្រុមប្រឹក្សានីតិកម្ម តំណាងឯកឧត្តម ហ៊ន យុវនា ប្រធានក្រុមប្រឹក្សានីតិកម្ម បានអញ្ជើញជាអធិបតី និងធ្វើបទបង្ហាញផ្សព្វផ្សាយអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិ ជូនថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិនៃក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានក្រុមប្រឹក្សានីតិកម្ម លោក លោកស្រីសមាជិកក្រុមប្រឹក្សានីតិកម្ម ប្រធាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងមន្ត្រីនគរបាលជាតិនៃក្រុមប្រឹក្សានីតិកម្មជាច្រេីនរូបទៀត ។
ក្នុងពិធីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ាង រ៉ាស៊ី អនុប្រធានក្រុមប្រឹក្សានីតិកម្ម បានមានប្រសាន៍លើកឡើងថាយោងមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងមកនេះ ឱ្យអង្គភាពនានាចំណុះក្រសួងមហាផ្ទៃផ្សព្វផ្សាយអនុ ក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិឱ្យបានដល់មន្ត្រីតាមអង្គភាពក្រោមឱវាទ។
សូមបញ្ជាក់ថា កន្លងមកយើងមានអនុក្រឹត្យលេខ ០៨ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ស្តីពីឯកសណ្ឋាន និងផ្លាកសញ្ញារបស់ នគរបាលជាតិកម្ពុជា លុះដល់ឆ្នាំ២០០០ ក៏ធ្វើការកែសម្រួលឯកសណ្ឋាន និងផ្លាកសញ្ញារបស់នគរបាលជាតិកម្ពុជា តាមអនុក្រឹត្យលេខ ១៤ អនក្រ.បក ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០០០ ស្តីពីការកែ សម្រួល ឯកសណ្ឋាន និងផ្លាកសញ្ញារបស់នគរបាលជាតិកម្ពុជា បន្ទាប់មកទៀតបានកែសម្រួលក្បាច់ចុងកអាវ និងក្បាច់កដៃអាវ ឯកសណ្ឋានធំលេខ លេខ១(កុដស) តាមអនុក្រឹត្យលេខ ៦៨ អនក្រ.បក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦ ស្តីពីការកែសម្រួលក្បាច់ចុងកអាវ និងក្បាច់កដៃអាវ ឯកសណ្ឋានធំលេខ១(កុដស) របស់នគរបាលជាតិកម្ពុជា ចុងក្រោយនេះគឺអនុក្រឹត្យលេខ ១៧៧អនក្រ.បក ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិ ដែលធ្វើការផ្សព្វផ្សាយនៅពេលនេះ គឺអនុវត្តជំនួសអនុក្រឹត្យទាំង៣ខាងលើ។
ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ











