តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកជំទាវ រួមនឹងព្រះមេគុណទាំង២គណៈ ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ តាជីយាយជី សីលវន្ត សីលវត្តី យុវជន សិស្សនិស្សិត ប្រជាពលរដ្ឋយ៉ាងច្រើនបានចូលរួមពិធីបុណ្យ មាឃបូជា ដែលរៀបចំធ្វើឡើង នៅវត្តតុំ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវថ្លែងឱ្យដឹងថា បុណ្យ មាឃបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់មួយនៅក្នុងវិស័យព្រះពុទ្ធសាសនា ដែលអ្នកកាន់សាសនាព្រះពុទ្ធទូទាំងពិភពលោកតែងតែប្រារព្ធជារៀងរាល់ឆ្នាំ។ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រឹស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។
ឯកឧត្តមអភិបាលខេត្តតាកែវបន្តថា ពិធីបុណ្យមាឃបូជា ប្រារព្ធឡើងដោយសារហេតុ ៣យ៉ាង៖ ទី១. ដើម្បីរំលឹកនឹកដល់ ព្រះសម្មាសម្ពុទ្ធ ទ្រង់ធ្វើ ចតុរអង្គសន្និបាត ទី២. ដើម្បីរំលឹកនឹកដល់ ថ្ងៃដែលព្រះពុទ្ធព្រះបរមគ្រូ ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែង ឱវាទបាតិមោក្ខ ទី៣. ដើម្បីរំលឹកនឹកដល់ ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ ដែលទ្រង់នឹងចូលបរិនិព្វាន ៣ខែបន្ទាប់។
បើតាមឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា ការរៀបចំពិធីបុណ្យសាសនានេះឡើងបានគឺដោយសារប្រទេសជាតិយើងបច្ចុប្បន្នមានសុខសន្តិភាពពេញលេញ ការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។
ដោយសារសន្ដិភាពនេះហើយទើបយើងមានអ្វីៗដូចសព្វថ្ងៃ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្ដិភាពដែលរកបានដោយលំបាកនេះឱ្យស្ថិតស្ថេរគង់វង្សជានិរន្ត៍ ដើម្បីធានាដល់ការអភិវឌ្ឍប្រទេសជាតិ សេដ្ឋកិច្ច និងជីវភាពពលរដ្ឋទាំងមូលកាន់តែរីកចម្រើនបន្តទៀត៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវ





