ព័ត៌មានជាតិ

រដ្ឋបាលខេត្តកោះកុង រៀបចំពិធីបិទ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

ខេត្តកោះកុង៖ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីបិទ”សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង នាថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ ដែលមានការអញ្ជើញមកចូលរួមពី ក្រុមប្រឹក្សាខេត្ត គណៈអភិបាល ខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក អភិបាលក្រុង-ស្រុក ប្រធាន-អនុប្រធាន មន្ទីរ អង្គភាព សាខាជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការចំណុះសាលាខេត្ត មេឃុំ ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ តំណាងសង្គមស៊ីវិល ក្រុមយុវជន និងវិស័យឯកជន សរុបប្រមាណចំនួន ៣១៨ នាក់ ស្រី៤៨ នាក់។

នៅក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង បានដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីជំរុញប្រែក្លាយខេត្តកោះកុងឱ្យកាន់តែមានសក្តានុពល និងសុវត្ថិភាពព្រមទាំងការរីកចម្រើនបន្តទៀតទៅអនាគត។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើចំណុច អាទិភាពមួយចំនួន ដែលរដ្ឋបាលខេត្តត្រូវយកចិត្ត ទុកដាក់៖

-គឺរដ្ឋបាលខេត្តត្រូវបង្កើនការបណ្តុះបណ្តាលអភិវឌ្ឍ ធនធានមនុស្សលើគ្រប់វិស័យ ជាពិសេសការជំរុញវិស័យ អប់រំ និងការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតប ទៅនឹងការវិវត្តនៃសេដ្ឋកិច្ចទំនើប។ ត្រូវពង្រឹងស្ថិរភាព សុខសន្តិភាព និងសុវត្ថិភាពនយោបាយឱ្យបានរឹងមាំ ដោយត្រូវមានវិធានការក្តៅក្នុងការលុបបំបាត់ល្បែងស៊ីសងតាមអនឡាញ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលបង្កភាពវឹកវរក្នុងសង្គម។

បន្តពង្រឹងការគ្រប់គ្រងដីធ្លីឱ្យមានប្រសិទ្ធភាព លើកកម្ពស់គុណភាពសេវាសុខាភិបាល និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្ត កោះកុងទៅកាន់ពិភពលោក។ ត្រូវធានាឱ្យបានថា ការផ្តល់សេវាជូនប្រជាពលរដ្ឋមានភាពរហ័ស តម្លាភាព និងគ្មានការរើសអើង ដើម្បីបង្កើនភាពជឿជាក់រវាងរដ្ឋបាល និងប្រជាជន។

លោកជំទាវអភិបាលខេត្តបានបញ្ជាក់ជូនថា លទ្ធផលសំខាន់ៗដែលអង្គសន្និបាតគាំទ្រគួរឱ្យកត់សម្គាល់រួមមាន៖ កិច្ចការសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅតាមទីប្រជុំជននិងតំបន់ទេសចរណ៍សំខាន់ៗ, កិច្ចការបម្រើសេវាសន្តិសុខ និងសេវាតម្រូវការចាំបាច់នានានៅ មូលដ្ឋាន, ការងារទីក្រុងស្អាត អនាម័យ បរិស្ថាន, ការដោះស្រាយទំនាស់ដីធ្លី និងការចុះបញ្ជីដីធ្លីគ្រប់ប្រភេទទាំងដី រដ្ឋ និងឯកជន ការងារអត្តសញ្ញាណកម្ម, កិច្ចការពន្ធនាគារ, ការលើកកម្ពស់ សមត្ថភាព និងលើកទឹកចិត្តមន្ត្រីគ្រប់ជាន់ថ្នាក់, កិច្ចការទំនាក់ទំនង នឹងសហប្រតិបត្តិការអន្តរជាតិ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការអនុវត្តការងារគាំពារសង្គម, ការពង្រឹងរបៀបរបប និងប្រសិទ្ធភាពការងារ និងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង។

ចំពោះបញ្ហាប្រឈមនានា ដែលបានរកឃើញនៅក្នុងកិច្ចពិភាក្សា អង្គសន្និបាតបានប្តេជ្ញាចិត្តដោយរួមគ្នា ជា កម្លាំងសរុប មធ្យោបាយសរុប និងការទទួលខុសត្រូវរួម ក្នុងការដោះស្រាយបញ្ហាទាំងនោះដើម្បីធ្វើឱ្យខេត្តកោះកុង ទាំងមូល មានសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍលើ គ្រប់វិស័យ។

ប្រភព៖រដ្ឋបាលខេត្តកោះកុង

bvt

Leave a Reply

Your email address will not be published.