(ភ្នំពេញ)៖ ក្នុងកម្មវិធីផ្សាយផ្ទាល់ MPWT LIVE SHOW ក្រោមប្រធានបទ «លក្ខណៈពិសេសនៃលេខកម្ពុជា និងលេខរាជធានី-ខេត្ត» នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយតបទៅនឹងសំនួររបស់ប្រជាពលរដ្ឋ «តើយើងអាចថតចម្លងកាតគ្រីប្រើបានឬអត់ ពីព្រោះវាមានQR Code សម្រាប់មើលហើយនោះ»?
លោកជំទាវ បានបញ្ជាក់ថា ការធ្វើដំណើរនៅតាមដងផ្លូវ យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឯកសារដែលភ្ជាប់ជាមួយយានយន្តនិងអ្នកដែលបើកបរ តាមច្បាប់គឺត្រូវតែភ្ជាប់មកជាមួយនូវច្បាប់ដើម។ឯកសារច្បាប់ដើមសំខាន់ចំនួន៣ សម្រាប់អ្នកបើកបរ នៅតាមដងផ្លូវយកមកតាមខ្លួន ដោយទី១ ប័ណ្ណសម្គាល់យានយន្ត ទី២ ប័ណ្ណបើកបរ និងទី៣ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណបច្ចេកទេស (ហៅថាឈៀក)។
លោកជំទាវបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បានរៀបចំឱ្យមានការដកពិន្ទុ អ៊ីចឹងការដកពិន្ទុសំដៅលើការ ដកពិន្ទុលើប័ណ្ណបើកបរដែលយើងបានកំណត់ រហូតដល់១២ពិន្ទុ ដែលនឹងមានការចាប់ផ្តើមអនុវត្តន៍ចាប់ពីខែកញ្ញា ដោយតម្រូវឱ្យអ្នកបើកបរត្រូវ តែយកមកភ្ជាប់ជាមួយនៅតាមដងផ្លូវ គឺប័ណ្ណបើកបរតែម្តង។ ពោលគឺចាំបាច់ត្រូវតែទុកក្នុងរថយន្ត នូវឯកសារច្បាប់ដើមទាំង៣នេះតែម្តង។